អ្នកជំនាញបង្ហាញអំពីអត្ថប្រយោជន៍នៃការបង្កាត់ពូជគោតាមបែបសិប្បនិម្មិត

ភ្នំពេញ៖ ស្របពេលដែលវិស័យបច្ចេកវិទ្យាបច្ចុប្បន្ននេះកំពុងតែរីកចម្រើននោះ ការបង្កាត់ពូជគោតាមបែបសិប្បនិម្មិត ត្រូវបានអ្នកជំនាញបង្ហាញថា នឹងធ្វើឱ្យកសិករដែលចិញ្ចឹមគោទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ខុសប្លែកពីការបង្កាត់ពូជគោតាមបែបធម្មជាតិ ដែលអាចនឹងធ្វើឱ្យកើតមាននូវបញ្ហាប្រឈមនឹងមួយចំនួន។
លោក ហ៊ុំ សុផុន អគ្គនាយកក្រុមហ៊ុន BP Cattle Breeder (Cambodia) Co, LTD និងជាអ្នកជំនាញផ្នែកបច្ចេកទេសបង្កាត់ពូជគោតាមបែបសិប្បនិម្មិត ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសថៃផងដែរនោះបានឱ្យដឹងកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ការបង្កាត់ពូជគោតាមបែបសិប្បនិម្មិតនឹងជួយឱ្យកសិករដែលប្រកបមុខរបរចិញ្ចឹមគោទទួលបានផលនូវពូជគោសុទ្ធល្អ១០០ភាគរយ ដោយមិនធ្វើឱ្យពួកគាត់មានការព្រួយបារម្ភអំពីបញ្ហាផ្សេងៗ ជាពិសេសការបង្កាត់ពូជគោតាមបែបសិប្បនិម្មិតមានលក្ខណៈងាយស្រួល ពោលគឺមិនចាំបាច់តម្រូវឱ្យមានការចិញ្ចឹមគោបាដើម្បីទុកសម្រាប់បង្កាត់ពូជ និងធ្វើឱ្យចំណេញពេលវេលានៅក្នុងការបង្កាត់ពូជជាដើម។លោកបង្ហាញថា ចំពោះការបង្កាត់ពូជគោតាមបែបសិប្បនិម្មិត បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកក៏មានវិធីទំនើប ដោយការចាក់បញ្ចូលអ័រមូនទៅលើមេគោ ដើម្បីឱ្យវាឆាប់រកឈ្មោលនៅត្រឹមតែរយៈពេល១១ថ្ងៃបន្ទាប់ផងដែរ។
អ្នកជំនាញផ្នែកបច្ចេកទេសបង្កាត់ពូជគោតាមបែបសិប្បនិម្មិតដែលមានបទពិសោធន៍រយៈពេល៦ឆ្នាំលើការចិញ្ចឹម និងបង្កាត់ពូជគោតាមបែបទំនើបរូបនេះក៏បានបន្តបង្ហាញទៀតថា៖ កាលពីសម័យមុនដោយសារតែ បច្ចេកវិទ្យាមិនទាន់រីកចម្រើន កសិករខ្មែរទូទៅដែលចិញ្ចឹមគោ តែងនិយមបង្កាត់ពូជគោតាមបែបធម្មជាតិ តែការធ្វើបែបនេះធ្វើឱ្យការទទួលផលគោមកវិញ មិនសូវសមស្របដូចតាមការចង់បានរបស់ម្ចាស់គោនោះទេ ព្រោះភាគច្រើននៃកូនគោដែលកើតមកវាមិនបានកាត់ទៅតាមគោពូជនៃបា១០០ភាគរយឡើយ។
លោកបានសង្កត់ធ្ងន់ថា ការនាំយកមេគោទៅដាក់បា គឺជាមូលហេតុដែលនាំឱ្យមេគោនោះត្រូវប្រឈមនឹងការឆ្លងមេរោគផ្សេងៗពីគោបា ដែលបញ្ហានេះវាធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់មេគោដែលនឹងត្រូវបង្ករកំណើត។លោកបន្តបញ្ជាក់ឱ្យដឹងថា «ដោយសារតែគោបា វាត្រូវពាក់មេគោជាច្រើនដើម្បីបង្កាត់ពូជនោះ!ដូច្នេះគោបាដែលត្រូវបង្កាត់ពូជតាមបែបធម្មជាតិ ក្រោយពេលវាពាក់មេគោមួយរួច វាត្រូវប្រឈមមុខនឹងការឆ្លងមេរោគផ្សេងៗពីមេគោខ្លះដែលមានបញ្ហាជំងឺរលាកស្បូនដោយសារតែធ្លាក់សុកមិនអស់នៅពេលកើតកូនជាដើម ហើយនៅពេលវាត្រូវបានគេនាំទៅពាក់បង្កាត់ពូជជាមួយមេគោមួយទៀតនោះ វាងាយនឹងចម្លងមេរោគទៅមេគោមួយទៀតណាស់ ដែលបញ្ហានេះវានឹងធ្វើឱ្យការបង្ករកំណើតរបស់មេគោដែលបានបង្កាត់នោះមិនទទួលបានលទ្ធផលល្អ!»។
ម្យ៉ាងវិញទៀត ដោយសារតែបញ្ហាពូជគោបាដែលមាននៅក្នុងស្រុកខ្មែរសព្វថ្ងៃនេះភាគច្រើនបំផុតមានឈាមមិនសុទ្ធ១០០ភាគរយនោះ លោក លោក ហ៊ុំ សុផុន បានលើកឡើងថា គឺជាមូលហេតុធ្វើឱ្យលទ្ធផលនៃការបង្កាត់ពូជគោតាមបែបធម្មជាតិមិនទទួលបានផលល្អនោះទេ ពោលគឺក្នុងលក្ខខណ្ឌនេះប្រសិន បើ DNA ខាងមេគោខ្លាំងជាងគោបានោះ លទ្ធផលនៃកូនគោដែលកើតចេញមកវានឹងមិនកាត់ទៅតាមបារបស់វានោះទេ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ការបង្កាត់ពូជសត្វតាមបែបសិប្បនិម្មិត គឺជាការបញ្ចូលស្ពែម(មេជីវិតសត្វឈ្មោល)ទៅក្នុងស្បូនរបស់សត្វញីដោយមធ្យោបាយផ្សេងៗក្រៅអំពីមធ្យោបាយឱ្យសត្វឈ្មោលពាក់ដោយផ្ទាល់ទៅលើសត្វញី។ ក្នុងន័យនេះការបង្កាត់ពូជគោតាមបែបសិប្បនិម្មិត មានន័យថា គឺជាការប្រើប្រាស់ឧបករណ៍បាញ់បញ្ចូលស្ពែមមេជីវិតរបស់ពូជគោឈ្មោល ទៅក្នុងតួស្បូនរបស់មេគោញី ដែលការបាញ់បញ្ចូលនេះត្រូវធ្វើឡើងដោយមនុស្ស។
មន្ត្រីជំនាញផ្នែកបសុសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានបង្ហាញថា បច្ចុប្បន្ននេះការប្រើប្រាស់បច្ចេកវិទ្យាបង្កាត់ពូជគោតាមបែបសិប្បនិម្មិត មានការពេញនិយមខ្លាំងនៅទូទាំងពិភពលោក ហើយបច្ចេកវិទ្យានេះក៏ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចិញ្ចឹមគោនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ ដោយសារតែបច្ចេកវិទ្យានេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចិញ្ចឹមគោ។ការបង្កាត់ពូជគោតាមបែបសិប្បនិម្មិត គឺជាមធ្យាបាយដ៏ល្អបំផុតមួយ ដែលអាចជួយដល់អ្នកចិញ្ចឹមគោឱ្យទទួលបាននូវផលគោទៅតាមផែនការយ៉ាងមានប្រសិទ្ធភាព។
ដើម្បីជំរុញសកម្មភាពចិញ្ចឹម និងបង្កាត់ពូជគោតាមបែបសិប្បនិម្មិតនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀតនោះ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២កន្លងមក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញទៅពិនិត្យកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជគោតាមបែបសិប្បនិម្មិតជាលក្ខណៈគ្រួសាររបស់លោក សេង សុកចិត្រា កសិកររស់នៅក្នុងភូមិព្រៃស្រងែ ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅក្នុងឱកាសនេះ ក្រោយពីបានស្ដាប់នូវរបាយការណ៍បច្ចេកទេសស្ដីអំពីការចិញ្ចឹម និងបង្កាត់ពូជគោតាមបែបសិប្បនិម្មិតរួចមក ឯកឧត្ដម ឌិត ឌីណា ក៏បានទទួលយកសំណូមពរពីម្ចាស់កសិដ្ឋានដែលស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កសិករស្ដីពីបច្ចេកទេសនៃការចិញ្ចឹម និងបង្កាត់ពូជគោតាមបែបសិប្បនិម្មិតនេះ ។
ស្របទៅនឹងការបំពេញសំណូមពរពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តបតាមការស្នើសុំរបស់កសិកររស់នៅក្នុងភូមិព្រៃស្រងែ ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក៏ដូចជា ក្នុងគោលបំណងជួយបង្កើតការងារដល់កសិករខ្មែរតាមរយៈជំនាញពិតប្រាកដ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ជាមួយចក្ខុវិស័យចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជាតាមរយៈការចិញ្ចឹមគោ និងកែលម្អពូជគោនៅកម្ពុជាឱ្យល្អប្រសើរនោះ លោក ហ៊ុំ សុផុន ក៏បានបង្ហាញឱ្យដឹងផងដែរថា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០មកម្ល៉េះ ពោលគឺក្រុមហ៊ុន BP Cattle Breeder (Cambodia) Co, LTD តែងតែបានសហការជាមួយផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើការបណ្ដុះបណ្ដាលនូវជំនាញចិញ្ចឹម និងបង្កាត់ពូជគោតាមបែបសិប្បនិម្មិតដល់កសិករទូទៅបានចំនួន១៤ លើករួចមកហើយ។
លោក ហ៊ុំ សុផុន បានបង្ហាញថា ជាមួយគ្នានេះដែរ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រុមហ៊ុន BP Cattle Breeder (Cambodia) Co, LTD ក៏បានសហការជាមួយសកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូងដើម្បីធ្វើការបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីជំនាញចិញ្ចឹម និងបង្កាត់ពូជគោតាមបែបសិប្បនិម្មិតលើកទី១៥បន្តទៀត។លោកប្រាប់ឱ្យដឹងទៀតថា៖ នៅក្នុងវគ្គបណ្ដុះបណ្ដាលថ្មីនេះ យើងជ្រើសរើសយកសិក្ខាកាមក្នុងចំនួនត្រឹមតែ៣១នាក់ប៉ុណ្ណោះ ដោយមកដល់ពេលនេះយើងទទួលបានសិក្ខាកាមចុះឈ្មោះចូលរៀនក្នុងចំនួន២៦នាក់ហើយ។
លោកក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថា នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានក្រុមសាស្ត្រាចារ្យជំនាញដែលមានគរុកោសល្យច្បាស់លាស់មកពីសកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង និងក្រុមជំនាញផ្នែកវេជ្ជសាស្ត្រសត្វចូលរួមបង្រៀន ដោយធ្វើការអនុវត្តផ្ទាល់ជាមួយបច្ចេកទេស នៃការបង្កាត់ពូជតាមបែបសិប្បនិម្មិតទៅលើសត្វគោពិតប្រាកដ ជាពិសេសក៏មានការបង្រៀនបង្ហាញអំពីសរីរាង្គរបស់សត្វគោ ការវះកាត់ស្បូនគោបង្ហាញអំពីវដ្ដនៃការបង្ករកំណើត និងការបង្រៀនអំពីបច្ចេកទេសពិនិត្យលើគុណភាពមេជីវិតរស់របស់គោជាដើមផងដែរ។ លោកបន្តថា សម្រាប់សិក្ខាកាមដែលមានបំណងចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលលើកទី១៥នេះ អាចទាក់ទងមកក្រុមហ៊ុនរបស់លោកបានតាមរយៈអាសយដ្ឋានផ្ទះលេខ២៤ ផ្លូវលេខ៧ បុរីរតនៈភ្នំពេញ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងរយៈពេល៣ថ្ងៃជាប់គ្នាចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណនៃសកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង។វគ្គបណ្ដុះបណ្ដាលនេះតម្រូវឱ្យសិក្ខាកាមដែលចុះឈ្មោះចូលរៀនត្រូវបង់ថ្លៃសិក្សាចំនួន១៥៣ដុល្លារអាមេរិក ជាមួយការទទួលបានកន្លែងស្នាក់នៅ អាហារបរិភោគក្នុងមួយថ្ងៃ៣ពេលសម្រាប់រយៈពេលរៀនចំនួន៣ថ្ងៃនេះ និងឯកសារសិក្សាជាច្រើនដោយឥតគិតថ្លៃផងដែរ។
លោក ហ៊ុំ សុផុន ក៏បានឱ្យដឹងដែរថា ក្រៅពីការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹម និងបង្កាត់ពូជគោតាមបែបសិប្បនិម្មិត ដែលតែងតែធ្វើឡើងជាញឹកញាប់ក្រោមកិច្ចសហការជាមួយនឹងផ្នែកពាក់ព័ន្ធនានានោះ ក្រុមហ៊ុន BP Cattle Breeder (Cambodia) Co, LTD ក៏មានមេជីវិតសម្រាប់ធ្វើការបង្កាត់ពូជគោ និងឧបករណ៍សម្រាប់ជំនាញបង្កាត់ពូជគោតាមបែបសិប្បនិម្មិតដែលនាំចូលមកពីបរទេសដើម្បីលក់ជូនដល់កសិករទូទៅថែមទៀតផង៕
Related Post
