កសិកម្ម

ផ្លែ​មៀន​ស្រស់​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការ​ហើយ​

​ផ្លែ​មៀន​ស្រស់​របស់​ប្រទេស​កម្ពុជា បានសម្រេច​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃ ទី​២៧ ខែតុលា ឆ្នាំ​២០២២ នៅក្នុង​ពិធី​សម្ពោធ ការនាំចេញ​ផ្លែ​មៀន​ស្រស់​នេះ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម វ៉ាង វិ​ន​ធាន Wang Wentain ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា។​

​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​មានប្រសាសន៍​លើកឡើងថា នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​- ចិន​)​ពី​ឆ្នាំ​២០១២ ក្នុង​ទំនាក់ទំនង​ការទូត​ដែល​រួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម តាមរយៈ​ការជួយ​បង្កើន​ផលិតកម្ម ការទាក់ទាញ​វិនិយោគទុន​ចិន​ក្នុង​វិស័យ​ផលិតកម្ម​កសិកម្ម ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​វេច​ខ្ចប់ និង​កែច្នៃ​បម្រើ​ឲ្យ​ការនាំចេញ និង​ដល់​ការបង្កើត​ការងារ និង​បង្កើន ប្រាក់ចំណូល​របស់​កសិក​រ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ឲ្យ​បានជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន និង​ពង្រីក​ទីផ្សារ​ប្រទេស​ចិន​សម្រាប់​កសិផល​ផ្សេងទៀត​របស់​ប្រទេស​កម្ពុជា ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផល​សម្បុក​ត្រចៀកកាំ ផ្លែ​ម្នាស់ ផ្លែ​ខ្នុរ គ្រាប់​ឈូក និង​ផលិតផល​ផ្សេងៗ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន ផ្តល់​អនុសាសន៍​មួយចំនួន សម្រាប់​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​រួមមាន ៖ ១. ត្រូវ​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​អនុលោមភាព​អនាម័យ និង​ភូ​ត្ត​គា​ម​អនាម័យ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​នៃ​សមាសភាព​ចង្រៃ ទាំង​សម្រាប់​ការនាំ​ចូល និង​ការនាំចេញ​មុខទំនិញ​ក​សិ​កម្ម ២. ពង្រឹង​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ក្នុង​ក្របខណ្ឌ​នៃ​ការការពារ​រុក្ខជាតិ និង​ភូ​ត្ត​គា​ម​អនាម័យ ៣. ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សិក្សា​លើ​មុខទំនិញ​កសិកម្ម​ដែល​បាន​បើក ទីផ្សារ និង​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដើម្បី​ជំរុញ​ការចរចា​បើក​ទីផ្សារ​បន្ថែម និង ៤. ពង្រឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​សមត្ថភាព​ជំនាញ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ស៊ីជម្រៅ និង​រឹងមាំ​ថែមទៀត ដើម្បី​ជំរុញ​ការចរចា និង​អនុវត្ត​វិធានការ​អនាម័យ និង​ភូ​ត្ត​គា​ម​អនាម័យ សំដៅ​សម្រួល ពាណិជ្ជកម្ម និង​ការនាំចេញ​របស់​កម្ពុជា​។​

​ដោយឡែក​សម្រាប់​ក្រុមហ៊ុន​វិនិយោគ វិញ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​រំលេច​ផងដែរ​អំពី​ការអនុវត្តន៍​ឱ្យបាន​ម៉ត់ចត់ ប្រកបដោយ​ការទទួល​ខុ​ត្រូវ​ខ្ពស់ នូវ​ស្តង់ដារ​អនាម័យ និង​ភូ​ត្ត​គា​ម​អនាម័យ ប្រទេស​ចិន ដើម្បី​ធានាបាន​ទាំង​គុណភាព និង​សុវត្ថិភាព​នៃ​កសិផល​នាំចេញ សំដៅ​ថែរក្សា​ទីផ្សារ និង ពង្រឹង​ទំនុកចិត្ត និង​ការពេញចិត្ត​របស់​អ្នកប្រើប្រាស់​លើ​កសិផល​កម្ពុជា និង ត្រូវ​ពង្រឹង​ការសិក្សា​ស្វែងយល់​ឱ្យ​ច្បាស់លាស់ អំពី​តម្រូវការ និង​ការឆ្លើយតប​ពី​អ្នកប្រើប្រាស់ ចំពោះ​កសិផល​កម្ពុជា ដើម្បី​ជំរុញ​បង្កើន​ការផ្គត់ផ្គង់ ឬ​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ ដែល​ត្រូវ​នាំចេញ ឱ្យស្រប​តាម​តម្រូវការ​ជាក់ស្តែង​នៃ​ទីផ្សារ​ប្រទេស​ចិន​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដែល​បានផ្តល់​ការគាំទ្រ និង​កិច្ចសហការ​យ៉ាង​ល្អ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កសិកម្ម​ជាមួយ កម្ពុជា​៕

ប្រភព​រូបភាព​៖ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​

Related Post

© 2022 by Young Development Research & Consulting Co., Ltd