បើមានទីតាំងល្អ កសិករម្នាក់ចង់ឱ្យពលរដ្ឋចាប់មុខរបរចិញ្ចឹមក្របីលក់ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារ

ខេត្តព្រៃវែង៖ ប្រសិនបើមានទីតាំងល្អនោះ ការចាប់យកមុខរបរចិញ្ចឹមក្របីជាលក្ខណៈគ្រួសារដើម្បីលក់ត្រូវបានចាត់ទុកថា គឺជាជម្រើសដ៏ប្រសើរមួយដែលងាយផ្ដល់នូវកម្រៃចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ ដោយជាទូទៅសត្វក្របីតែងមានទីផ្សារល្អ ហើយចំពោះសាច់ក្របីមានតម្លៃថ្លៃជាងសាច់គោថែមទៀតផង។
បើតាមលោក ជូ សារុន កសិករម្នាក់ដែលបានប្រកបរបរចិញ្ចឹមសត្វក្របីជាលក្ខណៈគ្រួសារដើម្បីលក់អស់រយៈពេលជាង៤ឆ្នាំកន្លងមក សព្វថ្ងៃរស់នៅក្នុងទឹកដីនៃភូមិព្រែករាំង ឃុំប្រាសាទ ស្រុកពាមរក៏ ខេត្តព្រៃវែង បានបង្ហាញថា ក្រោយពេលចូលនិវត្តន៍ពីការងារមន្ត្រីរាជការ លោកបានចាប់អាជីពជាអ្នកចិញ្ចឹមក្របីជាលក្ខណៈគ្រួសារដើម្បីលក់ដោយដំបូងឡើយលោកបានចិញ្ចឹមក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។លោកថា ឆ្លងកាត់បទពិសោធន៍នៃការចិញ្ចឹមសត្វក្របីរបស់លោកក្នុងរយៈពេលកន្លងមកនេះ ឃើញថា ការទទួលបាននូវកម្រៃចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ គឺមានលក្ខណៈងាយស្រួល និងល្អប្រសើរច្រើន។
នៅក្នុងស្រុកភូមិដែលលោក ជូ សារុន កំពុងរស់នៅសព្វថ្ងៃនេះមិនមានអ្នកប្រកបរបរចិញ្ចឹមសត្វក្របីដើម្បីលក់ដូចលោកទេ តែទោះជាយ៉ាងណាក៏ដោយ ក៏កសិករដែលបច្ចុប្បន្នមានវ័យប្រមាណជាង៦០ឆ្នាំរូបនេះបានលើកឡើងនូវការលើកទឹកចិត្ត និងចង់ឱ្យគ្រួសារប្រជាពលរដ្ឋទូទៅដែលរស់នៅតំបន់ជនបទ បើមានទីតាំងល្អគួរតែចាប់យកមុខរបរចិញ្ចឹមសត្វក្របីសម្រាប់លក់ដើម្បីទាញយកកម្រៃចំណូលមកផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ព្រោះបើតាមលោកកត់សម្គាល់ឃើញថា សាច់ក្របី ជាទូទៅតែងមានតម្លៃថ្លៃ និងទីផ្សារល្អជាងសាច់គោ។
លោក ជូ សារុន បានបង្ហាញថា តំបន់ដីភ្នំមានស្មៅ និងរុក្ខជាតិនៅជាប់ស្ទឹង ឬតំបន់វាលស្មៅដែលមានបឹងមានទឹកមិនចេះរីងស្ងួត គឺជាទីតាំងដែលអាចឱ្យចិញ្ចឹមសត្វក្របីបានផលល្អបំផុត ព្រោះថា សត្វក្របី ក្រៅពីស៊ីស្មៅ និងរុក្ខជាតិផ្សេងៗជាអាហារនោះ សត្វនេះក៏ចាំបាច់ត្រូវការត្រាំខ្លួនលេងនៅក្នុងទឹកជាប្រចាំផងដែរ។លោកបញ្ជាក់ថា៖ ការទទួលបាននូវអាហារ(ស្មៅ)គ្រប់គ្រាន់ និងមានទឹកអាចឱ្យក្របីត្រាំលេងបានជាប្រចាំនោះ នឹងធ្វើឱ្យសត្វក្របីងាយធំធាត់ មិនងាយកើតជំងឺផ្សេងៗ និងមិនបង្កការលំបាកសម្រាប់អ្នកចិញ្ចឹមក្នុងការមើលថែទាំវាទេ។
ប្រសិនបើមានទីដីវាលស្មៅធំទូលាយសម្រាប់លែងក្របីនោះ លោក ជូ សារុន ប្រាប់ថា អ្នកចិញ្ចឹមក្របីនឹងមិនលំបាកក្នុងការដាំស្មៅដើម្បីធ្វើជាចំណីរបស់សត្វក្របីនោះទេ។ បច្ចុប្បន្ននេះ ក្នុងចំនួនសត្វក្របី៣២ក្បាលដែលខ្លួនបានចិញ្ចឹម លោក ជូ សារុន ប្រាប់ថា លោកមិនមានការលំបាកក្នុងការដាំស្មៅសម្រាប់ធ្វើជាចំណីរបស់សត្វក្របីទេ ព្រោះសត្វក្របីរបស់លោកត្រូវបានឃ្វាល និងលែងឱ្យស៊ីស្មៅតាមលក្ខណៈវិលជុំពីកន្លែងមួយទៅកន្លែងមួយនៅលើផ្ទៃដីតំបន់ទំនាបដែលអ្នកស្រុកទុកចោលក្នុងទំហំប្រមាណ២០ហិកតាឯណោះ។ លោកបង្ហាញថា នៅក្នុងទំហំផ្ទៃដីប៉ុននេះ បើតាមស្ថានភាពជាក់ស្ដែងលោកអាចផ្ទុកចិញ្ចឹម និងលែងសត្វក្របីបានរហូតចំនួន៥០ក្បាល ដោយមិនលំបាកក្នុងការផ្គត់ផ្គង់ចំណីវានោះទេ តែដោយសារលោកគ្មានកម្លាំងគ្រប់គ្រាន់ ព្រោះលោកមានវ័យកាន់តែច្រើនទៅហើយនោះ ទើបលោកគ្មានគម្រោងបង្កើនចំនួនសត្វក្របីនៅក្នុងការចិញ្ចឹមនេះទេ តែទោះយ៉ាងណាក៏ដោយលោកថា ការចិញ្ចឹមសត្វក្របីរបស់លោកសព្វថ្ងៃនេះមិនជួបការលំបាកឡើយ ផ្ទុយទៅវិញវាបានផ្ដល់ផលចំណូលបានល្អប្រសើរសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារផងដែរ។
«ចំពោះសត្វក្របី ពេលដែលវាមានអាយុចាប់ពី៣ឆ្នាំឡើងទៅនោះ គឺវាអាចឱ្យយើងចាប់លក់បានហើយ!»នេះជាការបង្ហាញឱ្យដឹងពី លោក ជូ សារុន។ លោកបង្ហើបថា សព្វថ្ងៃទីផ្សារសត្វក្របីមានលក្ខណៈល្អប្រសើរច្រើន សម្រាប់សត្វក្របីដែលលោកបានចិញ្ចឹមក្នុងពេលកន្លងមកនេះ លោកអាចលក់វាបានក្នុងតម្លៃចាប់ពី ៦លានរៀល ទៅដល់ ៨លានរៀលក្នុងមួយក្បាល ទៅតាមប្រភេទក្របី។ក្នុងការចិញ្ចឹមសត្វក្របីទាំងចំនួន៣២ក្បាលនេះ នៅក្នុងមួយឆ្នាំលោកបានទទួលផលសត្វក្របីចំនួនជិត១០ក្បាលសម្រាប់លក់ចេញឱ្យឈ្មួញដែលបានមកទិញដល់ផ្ទះតែម្ដងដោយមិនបារម្ភពីហានីភ័យនៃការគ្មានទីផ្សារនោះទេ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ក្រៅពីមានតម្រូវការលើផ្នែកកាប់សាច់ធ្វើងៀត និងយកស្បែកបម្រើឱ្យទីផ្សារនៅក្នុងស្រុកនោះ នៅក្នុងពេលកន្លងមកសត្វក្របីខ្មែរ(ក្របីរស់)ក៏ត្រូវបានគេបង្ហាញឱ្យដឹងថា មានទីផ្សារល្អសម្រាប់ការនាំចេញទៅកាន់ប្រទេសជិតខាងផងដែ៕
Related Post
