Agriculture

បើ​មាន​ទីតាំង​ល្អ កសិករ​ម្នាក់​ចង់ឱ្យ​ពលរដ្ឋ​ចាប់​មុខរបរ​ចិញ្ចឹម​ក្របី​លក់​ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​

Published date: December 21, 2022 Views: 1220
Share

ដោយ៖ វណ្ណ កុសល

​ខេត្តព្រៃវែង​៖ ប្រសិនបើ​មាន​ទីតាំង​ល្អ​នោះ ការចាប់យក​មុខរប​រ​ចិញ្ចឹម​ក្របី​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​លក់​ត្រូវបាន​ចាត់ទុកថា គឺជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ដែល​ងាយ​ផ្ដល់នូវ​កម្រៃ​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ ដោយ​ជាទូទៅ​សត្វ​ក្របី​តែងមាន​ទីផ្សារ​ល្អ ហើយ​ចំពោះ​សាច់​ក្របី​មានតម្លៃ​ថ្លៃ​ជាង​សាច់គោ​ថែមទៀត​ផង​។​

​បើតាម​លោក ជូ សារុន កសិករ​ម្នាក់​ដែល​បាន​ប្រកប​របរ​ចិញ្ចឹមសត្វ​ក្របី​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​លក់​អស់​រយៈពេល​ជាង​៤​ឆ្នាំកន្លងមក សព្វថ្ងៃ​រស់នៅក្នុង​ទឹកដី​នៃ​ភូមិ​ព្រែក​រាំង ឃុំ​ប្រាសាទ ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង បាន​បង្ហាញថា ក្រោយពេល​ចូលនិវត្តន៍​ពី​ការងារ​មន្ត្រីរាជការ លោក​បាន​ចាប់​អាជីព​ជា​អ្នក​ចិញ្ចឹម​ក្របី​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​លក់​ដោយ​ដំបូង​ឡើយ​លោក​បាន​ចិញ្ចឹម​ក្នុង​ចំនួន​តិចតួច​តែប៉ុណ្ណោះ​។​លោក​ថា ឆ្លងកាត់​បទពិសោធន៍​នៃ​ការចិញ្ចឹម​សត្វ​ក្របី​របស់លោក​ក្នុង​រយៈពេល​កន្លងមក​នេះ ឃើញថា ការទទួលបាន​នូវ​កម្រៃ​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ គឺមាន​លក្ខណៈ​ងាយស្រួល និង​ល្អប្រសើរ​ច្រើន​។​

​នៅក្នុង​ស្រុកភូមិ​ដែល​លោក ជូ សារុន កំពុង​រស់នៅ​សព្វថ្ងៃនេះ​មិនមាន​អ្នក​ប្រកប​របរ​ចិញ្ចឹមសត្វ​ក្របី​ដើម្បី​លក់​ដូច​លោក​ទេ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​កសិករ​ដែល​បច្ចុប្បន្ន​មាន​វ័យ​ប្រមាណ​ជាង​៦០​ឆ្នាំ​រូបនេះ​បានលើកឡើង​នូវ​ការលើកទឹកចិត្ត និង​ចង់ឱ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​រស់នៅ​តំបន់​ជនបទ បើ​មាន​ទីតាំង​ល្អ​គួរតែ​ចាប់យក​មុខរបរ​ចិញ្ចឹមសត្វ​ក្របី​សម្រាប់​លក់​ដើម្បី​ទាញយក​កម្រៃ​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ ព្រោះ​បើតាម​លោក​កត់សម្គាល់​ឃើញថា សាច់​ក្របី ជាទូទៅ​តែងមាន​តម្លៃ​ថ្លៃ និង​ទីផ្សារ​ល្អ​ជាង​សាច់គោ​។​

​លោក ជូ សារុន បាន​បង្ហាញថា តំបន់​ដីភ្នំ​មាន​ស្មៅ និង​រុក្ខជាតិ​នៅជាប់​ស្ទឹង ឬ​តំបន់​វាលស្មៅ​ដែលមាន​បឹង​មានទឹក​មិនចេះ​រីងស្ងួត គឺជា​ទីតាំង​ដែល​អាចឱ្យ​ចិញ្ចឹមសត្វ​ក្របី​បាន​ផល​ល្អ​បំផុត ព្រោះថា សត្វ​ក្របី ក្រៅពី​ស៊ី​ស្មៅ និង​រុក្ខជាតិ​ផ្សេងៗ​ជា​អាហារ​នោះ សត្វ​នេះ​ក៏​ចាំបាច់​ត្រូវការ​ត្រាំ​ខ្លួន​លេង​នៅក្នុង​ទឹកជា​ប្រចាំ​ផងដែរ​។​លោក​បញ្ជាក់ថា​៖ ការទទួលបាន​នូវ​អាហារ​(​ស្មៅ​)​គ្រប់គ្រាន់ និង​មានទឹក​អាចឱ្យ​ក្របី​ត្រាំ​លេង​បានជា​ប្រចាំ​នោះ នឹងធ្វើ​ឱ្យ​សត្វ​ក្របី​ងាយ​ធំធាត់ មិន​ងាយ​កើត​ជំងឺ​ផ្សេងៗ និង​មិន​បង្ក​ការលំបាក​សម្រាប់​អ្នក​ចិញ្ចឹម​ក្នុងការ​មើលថែទាំ​វា​ទេ​។​

​ប្រសិនបើ​មាន​ទី​ដី​វាលស្មៅ​ធំ​ទូលាយ​សម្រាប់​លែង​ក្របី​នោះ លោក ជូ សារុន ប្រាប់ថា អ្នក​ចិញ្ចឹម​ក្របី​នឹងមិន​លំបាក​ក្នុង​ការដាំ​ស្មៅ​ដើម្បី​ធ្វើជា​ចំណី​របស់​សត្វ​ក្របី​នោះទេ​។ បច្ចុប្បន្ននេះ ក្នុង​ចំនួន​សត្វ​ក្របី​៣២​ក្បាល​ដែល​ខ្លួន​បាន​ចិញ្ចឹម លោក ជូ សារុន ប្រាប់ថា លោក​មិនមាន​ការលំបាក​ក្នុង​ការដាំ​ស្មៅ​សម្រាប់​ធ្វើជា​ចំណី​របស់​សត្វ​ក្របី​ទេ ព្រោះ​សត្វ​ក្របី​របស់លោក​ត្រូវបាន​ឃ្វាល និង​លែងឱ្យ​ស៊ី​ស្មៅ​តាម​លក្ខណៈ​វិលជុំ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នៅលើ​ផ្ទៃដី​តំបន់​ទំនាប​ដែល​អ្នកស្រុក​ទុកចោល​ក្នុង​ទំហំ​ប្រមាណ​២០​ហិកតា​ឯណោះ​។ លោក​បង្ហាញថា នៅក្នុង​ទំហំ​ផ្ទៃដី​ប៉ុន​នេះ បើតាម​ស្ថានភាព​ជាក់ស្ដែង​លោក​អាច​ផ្ទុក​ចិញ្ចឹម និង​លែង​សត្វ​ក្របី​បាន​រហូត​ចំនួន​៥០​ក្បាល ដោយ​មិន​លំបាក​ក្នុងការ​ផ្គត់ផ្គង់​ចំណី​វា​នោះទេ តែដោយសារ​លោក​គ្មាន​កម្លាំង​គ្រប់គ្រាន់ ព្រោះ​លោក​មាន​វ័យ​កាន់តែច្រើន​ទៅហើយនោះ ទើប​លោក​គ្មាន​គម្រោង​បង្កើន​ចំនួន​សត្វ​ក្របី​នៅក្នុង​ការចិញ្ចឹម​នេះ​ទេ តែ​ទោះ​យ៉ាងណាក៏ដោយ​លោក​ថា ការចិញ្ចឹម​សត្វ​ក្របី​របស់លោក​សព្វថ្ងៃនេះ​មិន​ជួប​ការលំបាក​ឡើយ ផ្ទុយទៅវិញ​វា​បានផ្ដល់​ផល​ចំណូល​បានល្អ​ប្រសើរ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ​ផងដែរ​។​

​«​ចំពោះ​សត្វ​ក្របី ពេលដែល​វា​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើងទៅ​នោះ គឺ​វា​អាចឱ្យ​យើង​ចាប់​លក់បាន​ហើយ​!»​នេះ​ជាការ​បង្ហាញ​ឱ្យដឹងពី លោក ជូ សារុន​។ លោក​បង្ហើប​ថា សព្វថ្ងៃ​ទីផ្សារ​សត្វ​ក្របី​មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន សម្រាប់​សត្វ​ក្របី​ដែល​លោក​បាន​ចិញ្ចឹម​ក្នុងពេល​កន្លងមកនេះ លោក​អាច​លក់​វា​បាន​ក្នុងតម្លៃ​ចាប់ពី ៦​លាន​រៀល ទៅដល់ ៨​លាន​រៀល​ក្នុង​មួយ​ក្បាល ទៅតាម​ប្រភេទ​ក្របី​។​ក្នុងការ​ចិញ្ចឹមសត្វ​ក្របី​ទាំង​ចំនួន​៣២​ក្បាល​នេះ នៅក្នុង​មួយឆ្នាំ​លោក​បាន​ទទួលផល​សត្វ​ក្របី​ចំនួន​ជិត​១០​ក្បាល​សម្រាប់​លក់​ចេញ​ឱ្យ​ឈ្មួញ​ដែល​បានមក​ទិញ​ដល់ផ្ទះ​តែម្ដង​ដោយ​មិន​បារម្ភ​ពី​ហា​នី​ភ័យ​នៃ​ការ​គ្មាន​ទីផ្សារ​នោះទេ​។​

​គួរបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ក្រៅពី​មាន​តម្រូវការ​លើ​ផ្នែក​កាប់សាច់​ធ្វើ​ងៀត និង​យក​ស្បែក​បម្រើឱ្យ​ទីផ្សារ​នៅក្នុង​ស្រុក​នោះ នៅក្នុងពេល​កន្លងមក​សត្វ​ក្របី​ខ្មែរ​(​ក្របី​រស់​)​ក៏ត្រូវ​បាន​គេ​បង្ហាញ​ឱ្យដឹងថា មាន​ទីផ្សារ​ល្អ​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេសជិតខាង​ផងដែ​៕

Share

Contact Us

  • Address: Room 104, KT tower Building (23), Street 112, Sangkat PhsaDepo 3, Khan Toul Kork, Phnom Penh, Cambodia
  • Tel: +855 99776696 | +855 99 48001
  • Email: info@youngconsult.asia

© 2022 by Young Development Research & Consulting Co., Ltd